ថ្ងៃពុធ ៩រោច ដល់ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យលើភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដើម្បីកសាងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានការសម្របសម្រួលដោយតំណាង PIC ទីប្រឹក្សាអភិវឌ្ឍន៍ផែនការធុរកិច្ច និងទីប្រឹក្សាអភិវឌ្ឍន៍ កសិ-ធុរកិច្ច និងកិច្ចសន្យាកសិកម្ម។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងព្រះវិហារទីប្រឹក្សាសម្របសម្រួលគម្រោងថ្នាក់ខេត្ត តំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម និងលោក ឧកញ៉ា អគ្គនាយក ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី TL Agri Food Import-Export Co., Ltd ។
ដោយយោងតាមលទ្ធផល នៃសិក្ខាសាលាស្តីពី "ការពង្រីកឱកាសទីផ្សារកសិកម្មរវាងសហគមន៍កសិកម្មនិងសហគ្រាសកសិកម្ម" រៀបចំដោយអង្គភាពគ្រប់គ្រងគម្រោង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ និងខណៈពេលនោះសហគមន៍កសិកម្ម ចំនួន ២៣ បានចុះហត្ថលេខាលើ "លិខិតបញ្ជាក់បំណងក្នុងភាពជាដៃគូអាជីវកម្ម IBP" ដែលមានក្រុមហ៊ុន TL Agri Food ក៏បានចុះកិច្ចព្រមព្រៀង IBP នេះផងដែរ។
ក្រុមការងារបានដឹកនាំសម្របសម្រួលកិច្ចជំនួបរវាងអគ្គនាយកក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ចំនួន៤ នៅខេត្តកំពង់ធំ រួមមាន (១) សហគមន៍កសិកម្មឃុំក្រយាសាមគ្គី (២) សហគមន៍កសិកម្មភ្នំសន្ទុក (៣) សហគមន៍កសិកម្មសន្ទុកសាមគ្គី និង (៤)សហគមន៍កសិកម្មសានគរមានជ័យ ព្រមទាំងខេត្តព្រះវិហារ រួមមាន (១) សហគមន៍កសិកម្មរមណីសាមគ្គី (២) សហគមន៍កសិកម្មសាមគ្គីរុងរឿង (៣) សហគមន៍កសិកម្មរហ័សមានជ័យ និង (៤) សហគមន៍កសិកម្មរស្មីលើកកម្ពស់កសិករ។ 
 + លទ្ធផលនៃកិច្ចពិភាក្សារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី TL Agri Food ៖
១- សហគមន៍កសិកម្ម (PACs) មានសក្តានុពលលើ៖
    - ការគ្រប់គ្រងកម្លាំងផលិត
    - ការគ្រប់គ្រងបច្ចេកទេសប្រមូលនិងរក្សាទុកកសិផល (ឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិគម្រោងCFAVC)
    - ផ្លូវដឹកជញ្ជូនល្អគាំទ្រដោយ គម្រោង CFAVC
 ២- ក្រុមហ៊ុន TL Agri Food បានផ្តល់លក្ខខណ្ឌតម្រូវ៖
     - ប្រភេទៈ ពូជ M២៣
     - ម៉ាស់គ្រាប់ៈ DC ចាប់ពី២៧% ឡើង
     - សំណើមៈ ចន្លោះ ពី៨%- ១០%
     - ទំហំ/ទម្ងន់គ្រាប់ៈ ១១៥ គ្រាប់ក្នុង/គ.ក ចុះ  (គ្រាប់ស្ងួត)
-  ទំហំ/ទម្ងន់គ្រាប់ៈ ១០២ គ្រាប់ក្នុង/គ.ក ចុះ (គ្រាប់សើម) ,
     - គ្រាប់ស្វាយចន្ទីមិនជាប់សាច់
     - ភាពមិនស្អាតត្រឹម៣% ចុះ
     - តម្លៃតាមហាងឆេង(ទីផ្សារ)ក្នុងតំបន់ ប្រែប្រួលក្នុងមួយសប្តាហ៍ម្តង
     - ក្រុមហ៊ុននឹងកក់ជូនសហគមន៍២០% នៃបរិមាណផលិតផលបានដឹកចូលរោងចក្រ
     - ការទូទាត់ថវិកា ធ្វើឡើងខណៈគ្រាប់ស្វាយចន្ទីដឹកដល់រោងចក្រ (រយៈពេល២ថ្ងៃបន្ទាប់នឹងធ្វើការទូទាត់ថវិកាជូន ឬរយៈពេល៤ថ្ងៃ ករណី គ្រាប់ស្វាយចន្ទី ចូលដល់រោងចក្រ ពេលរសៀលថ្ងៃសុក្រ ឬថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ)។ 
 + ក្រុមហ៊ុនផ្តល់គ្រាប់ស្វាយចន្ទីសម្រេច (លក់គ្រាប់ឆ្អិន) ជូនសហគមន៍កសិកម្ម 
     - តម្លៃ ៣៥,០០០៛/គ.ក
     - ការវេចខ្ចប់ និងយីហោដាក់លើសំបក ជាបន្ទុករបស់សហគមន៍កសិកម្មខ្លួនឯង។
  + ក្រុមហ៊ុនជួយផ្តល់ចំណូលក្រៅដល់គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ក្នុងការហាលសម្ងួត ដោយផ្តល់ជូនតម្លៃ១៥០,០០០៛/តោន (ស្ងួត)។ សមាជិកសហគមន៍អាចជួយឆ្កឹះគ្រាប់ចន្ទីចេញពីសំបក ១គ.ក ក្រុមហ៊ុនផ្តល់ជូន២០០០រៀល។
- ថ្នាក់ដឹកនាំគ្រប់គ្រងសហគមន៍កសិកម្មនឹងរៀបចំដំណើរទស្សនកិច្ចដល់ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ។ 
 - ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ក្រោយពីទស្សនកិច្ចក្រុមហ៊ុនកែច្នៃរួច និងអាចឈានដល់ចុះកិច្ចសន្យាផលិតកម្មកសិកម្ម។
- ក្រុមការងារនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម និងក្រុមទីប្រឹក្សា AVCC នឹងតាមដានថែមទាំងជំរុញកិច្ចការនេះ ដើម្បីទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក។