ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយនឹងទីប្រឹក្សាគម្រោងផ្នែកបសុបក្សី និងទីប្រឹក្សាគម្រោងផ្នែកចិញ្ចឹមមាន់ នៃទីប្រឹក្សាបច្ចេកទេសខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងក្រុមការងារគម្រោងថ្នាក់ខេត្ត បានជួបពិភាក្សា សង្កេត និងសម្ភាសជាមួយអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃមាន់ ក្នុងគោលបំណងសិក្សាពីលទ្ធភាពដែលអាចធ្វើបាន ក្នុងការវិនិយោគបង្កើតទីសត្តឃាតដ្ឋានបក្សី ក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប។ ការសិក្សាមានគោលបំណង៖
- ដើម្បីវាយតម្លៃលទ្ធភាពមូលដ្ឋាននៃបច្ចេកទេស ការប្រតិបត្តិការ និងការគ្រប់គ្រងនៃការធ្វើឱ្យប្រសើរឡើងនូវទីផ្សារមាន់ ដើម្បីកែលម្អអនាម័យសត្តឃាត សុវត្ថិភាពចំណីអាហារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារមាន់។
- វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធសត្តឃាត និងទីផ្សារមាន់ដែលមានស្រាប់
- វាយតម្លៃការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហារ
- កំណត់ចន្លោះប្រហោងនៃការគ្រប់គ្រងកាកសំណល់ និងការបែងចែកតំបន់ក្នុងទីសត្តឃាតដ្ឋានបក្សី
- កំណត់ឆន្ទៈរបស់អ្នកពាក់ព័ន្ធសម្រាប់ការកែលម្អ។