ចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមសហការជាមួយមន្ត្រីពេទ្យសត្វថ្នាក់ខេត្ត។ ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយមន្រ្តីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងបានបានចុះពិនិត្យ សិក្សា ដល់ទីតាំងចិញ្ចឹមមាន់ក្នុងស្រុក និងបានសម្ភាសជាមួយកសិករចិញ្ចឹមមាន់ក្នុងស្រុក ចំនួន ២កន្លែង ក្នុងខេត្តបាត់ដំបង និង ២កន្លែងទៀត ក្នុងខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានសម្ភាស និងចុះពិនិត្យ សិក្សាទីតាំងរបស់កសិករ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ យល់ឃើញថា៖
- ចំពោះខេត្តបាត់ដំបង កសិករឈ្មោះ ត្រៃ មុនិក ភេទ ស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហាក់ដូចជាមានសក្តានុពលជាងកសិករ ទី ពិទូ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
- ចំពោះខេត្តបន្ទាយមានជ័យ ទាំងកសិករឈ្មោះ មាស ស្រីមុំ និងកសិករឈ្មោះ ញឹម អាន មានចំណុចខ្វះខាតដែលជាចំណុចគន្លឹះនៃការជ្រើសរើសប្រហាក់ប្រហែលគ្នា ដែលនាំឱ្យសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ មិនអាចជ្រើសរើសយកបានទេ និងបានស្មើសុំខេត្តឱ្យជ្រើសបេក្ខភាព២គ្រួសារថ្មីផ្សេងទៀត។