នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានដឹកនាំ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដើម្បីចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាអ្នកដឹកនាំ និងមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងទីប្រឹក្សាអនុវត្តគម្រោង (PIC) ទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានចុះពិនិត្យ ៣ ទីតាំងក្នុងខេត្តកំពង់ចាម រួមមាន៖

១. ចម្ការបង្ហាញ ដំណាំស្វាយចន្ទីរបស់កសិករឈ្មោះ អ៊ុន ឡៃហ៊ាង  ជាសមាជិកសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ   ឃុំសូភាស ស្រុកស្ទឹងត្រង់។

២. កសិករ ផុន ឈុននី ស្ថិតនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលទទួលបានឥណទានកម្ចីពីគម្រោង តាមរយ:ធនាគារស្ថាបនា ដែលមានការប្រាក់សមរម្យ សម្រាប់ការពង្រីកការរៀបចំកូនស្វាយចន្ទីចំនួន ២០០ ០០០ កូន សម្រាប់លក់ ។

៣. ចម្ការពង្រីកពូជដំឡូងមីស្អាតធន់នឹងជម្ងឺម៉ូសាអ៊ិត ស្ថិតក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ស្ថិតក្នុងស្រុកចម្ការលើ ដែលទទួលបានពូជដំឡូងសុទ្ធពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (CARDI​) ដើម្បីយកមកដាំពង្រីក ទុកចែកជូនកសិករធ្វើបង្ហាញដំឡូងមីបន្តទៀត។