នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានដឹកនាំ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោង និងសហការី បានដឹកនាំបេសកកម្មនេះ ។ ក្នុងឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាគទី៣ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងទីប្រឹក្សាអនុវត្តគម្រោង ( PIC ) និងប្រធាន/អនុប្រធានក្រុម ទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។
ក្រុមបេសកកម្ម បានចុះពិនិត្យ ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ និង ១ទីតាំងក្នុងខេត្តព្រះវិហាររួមមាន៖
- ខេត្តកំពង់ធំៈ
១. ជួបជាមួយនឹងសមាជិកសហគមន៍ឈ្មោះ សិត ឡែម បានទទួលឥណទានកម្ចីពីគម្រោង តាមរយ:ធនាគារស្ថាបនា ដែលមានទឹកប្រាក់១០ លានរៀល ស្ថិតក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកបារាយ ដើម្បីយកមកពង្រីកការដាំដុះដំណាំបន្លែ និងបន្តពិនិត្យមើលទីតាំងសាងសង់ឃ្លាំងដំឡូងមី ៥០តោនជូនសហគមន៍កសិកម្មសេដ្ឋាភី។
២. ពិនិត្យផ្លូវចំនួន ២ទីតាំង គឺកំណាត់ផ្លូវ ចំណារថ្មី-សំបូរព្រៃគុក ប្រវែង ៣,៤៣គីឡូម៉ែត្រ និងកំណាត់ផ្លូវ វាលល្ពាក់-ខ្មាក់ ប្រវែង ៤,៨១គីឡូម៉ែត្រ។ផ្លូវដែលគ្រោងសាងសង់បន្ថែមស្ថិត ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ជាប្រភេទផ្លូវ DBST។
៣. សហគមន៍កសិកម្ម សាលាវិស័យ ស្ថិតនៅភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ។ក្រុមបេសកកម្ម បានពិភាក្សាការងារដែលសហគមន៍កសិកម្ម បានធ្វើកិច្ចព្រមព្រៀង កសិកម្មតាមកិច្ចសន្យា(Contract farming) ជាមួយក្រុមហ៊ុនមីរ៉ាត់(MIRATH)ក្នុងការទិញ លក់ គ្រាប់ស្វាយចន្ទីស្ងួត ចំនួន២៥០តោនក្នុងឆ្នាំ២០២៥ និងពិភាក្សាពីការកំណត់ទីតាំងសម្រាប់សាងសង់ឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីចំនួន១០០តោនផងដែរ។
- ខេត្តព្រះវិហារៈ
៤) នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម កោះកេរ្តិ៍ ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ។ ក្រុមការងារបានចុះពិនិត្យ រោងពិសោធន៍ដំណាំបន្លែ ប៉េងប៉ោះ ឆឺរី និងម្ទេស ដើម្បីពង្រីកពូជសម្រាប់ទុកផ្សព្វផ្សាយដល់កសិករ រោងបណ្តុះផលិតកម្មដំឡូងមីដែលទុកសម្រាប់ចែកពូជបន្តដល់សមាសភាគផ្នែកដំណាំដើម្បីដាំនៅចម្ការលើ និងចម្ការអភិរក្សសមូហជីវករ ស្វាយចន្ទី និងស្វាយកែវរមៀត។