ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត។ ក្រុមការងារបានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យលើការដាក់មាន់ ចំណី ថ្នាំវ៉ាក់សាំង និងចុះកិច្ចសន្យាជាមួយអ្នកថែមាន់ ចំនួន ០១ កន្លែង ក្នុងខេត្តឧត្តរមានជ័យ និង ០១ កន្លែងទៀត ក្នុងខេត្តសៀមរាប។
ជាលទ្ធផល មាន់ចំនួន ២៣៥ក្បាល ត្រូវបានដាក់ចិញ្ចឹមនៅទីតាំងនីមួយៗ ព្រមទាំងបានទិញចំណី និងថ្នាំវ៉ាក់សាំង នៅទីតាំងទាំង២ រួចរាល់។ ទន្ទឹមនឹងនេះ លោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ បានចុះកិច្ចសន្យាជាមួយកសិករឈ្មោះ អ៊ុន វឿន និង ធី សុភាព ដើម្បីថែទាំមាន់។ លោកប្រធានសមាសភាគ ក៏បានផ្តល់ថវិកាបង្រ្គប់ទិញមាន់ដល់លោក ញឹប សារុន ផងដែរ។