នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាអ្នកដឹកនាំ និងមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាគទី ៣ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងទីប្រឹក្សាអនុវត្តគម្រោង (PIC) ទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានចុះពិនិត្យការអនុវត្តគម្រោងនៅក្នុងខេត្តត្បូងឃ្មុំចំនួន ៣ទីតាំងដែលមានដូចជា៖
១. ចម្ការបង្ហាញ បច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវ របស់កសិករឈ្មោះ ប្រេះ ថុល ជាសមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ ស្ថិតនៅភូមិ កំពង់រាំង ឃុំសេដា ស្រុកតំបែរ។
២. កសិករ ខុន យុត សមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ដែលទទួលបានឥណទានកម្ចីពីគម្រោង តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកការដាំដុះដំណាំបន្លែ(ដំណាំស្លឹកខ្ទឹម)។
៣. កសិករចិញ្ចឹមមាន់ស្រុក ពុត សុជា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលទទួលបានរោងចិញ្ចឹមមាន់មេបាពូជសម្រាប់បង្កាត់យកពងភ្ញាស់ជាកូនមាន់លក់។