នាថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សួន សុភា អនុប្រធានក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1 និងកញ្ញា កេត ស្រីនិច អនុប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារ និងជាមន្ត្រីឥណទាននៃផ្នែកប្រតិបត្តិការរបស់គម្រោង ACSEP-PIU1 អមដោយសហការី បានអញ្ជើញចូលរួមអមដំណើរប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចូលរួមសម្របសម្រួល និងពិនិត្យវឌ្ឍនភាពរបស់សហគមន៍កសិកម្មចំនួន ២ រួមមាន៖ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ខេត្តកំពង់ធំ និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពធម្មជាតិ ខេត្តសៀមរាប ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីត្រៀមសម្រាប់ទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេលខាងមុខនេះ។
បេសកកម្មនេះ ដឹកនាំដោយ លោកស្រី Yasmin Siddiqi, នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា អមដោយលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាប្រធានគម្រោង ASCEP ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសមាជិកសហគមន៍កសិកម្ម។