កាលពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ដល់ ៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង PMUរួមជាមួយនឹងមន្ត្រីជំនាញពីសមាសភាគផ្នែកដំណាំ និងផ្នែកកសិ-ឧស្សាហកម្ម ដោយមានការសម្របសម្រួលពីក្រុមទីប្រឹក្សាបច្ចេកទេសខ្សែច្រវាក់តម្លៃ (AVCC) និងមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករ ធ្វើទស្សនកិច្ចសិក្សាស្តីពី "ការផ្លាស់ប្តូរបទពិសោធន៍របស់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម" លើការកែច្នៃស្វាយកៀវរមៀតដែលសម្រេចបានលទ្ធផលសំខាន់ៗរួមមាន៖
១) បានជួបជាមួយនឹងលោកស្រី សេន សុវ៉ុនជាម្ចាស់ចំការស្វាយកែវរមៀត ស្ថិតនៅភូមិ ដីកេស្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិភាក្សានិងស្វែងយល់ពីការថែទាំតាំងពីដំណាក់កាលដាក់ជី រហូតដល់ការប្រមូលផល ជាមួយនឹងការពន្យល់ស្តីពីការទិញលក់រវាងកសិករ ជាមួយក្រុមហ៊ុនគីរីរម្យ ហ្វូ័ដ ប្រដាក់សិន (ខេអេហ្វភី)ដែលជាគំរូមួយនៃការអនុវត្តកិច្ចសន្យាកសិកម្ម។
២) បានចុះពិនិត្យផ្ទាល់នៅក្រុមហ៊ុនគីរីរម្យ ហ្វូ័ដ ប្រដាក់សិន (ខេអេហ្វភី) ពីខ្សែច្រវាក់ស្តីពីការកែច្នៃផ្លែស្វាយស្រស់ តាំងពីរបៀបនៃការប្រមូលទិញ ការសម្អាត ការចិត ការកែច្នៃ និងការវេចខ្ចប់សម្រាប់ការនាំចេញទៅក្រៅប្រទេស ជាមួយនឹងការសិក្សាស្វែងយល់អំពីលទ្ធភាពនៃការផ្គត់ផ្គង់ស្វាយកែវរមៀតឱ្យទៅក្រុមហ៊ុន។
៣) ប្រជុំពិគ្រោះយោបល់ជាមួយតួអង្គសំខាន់ៗនៃខ្សែច្រវាក់តម្លៃស្វាយកែវរមៀត អំពីបញ្ហាដែលកំពុងកើតមាន និងដំណោះស្រាយឬលក្ខខណ្ឌនៃការអនុវត្តកិច្ចសន្យាកសិកម្ម។
ក្រោយពីបញ្ចប់កម្មវិធីខាងលើ តំណាងសហគមន៍កសិកម្មពីខេត្តគោលដៅនៃគម្រោងបានទទួលចំណេះដឹង និងបទពិសោធន៍ផ្សេងៗដែលបានចែករំលែកពីកសិករដាំដុះស្វាយ និងតំណាងក្រុមហ៊ុន ហើយតំណាងសហគមន៍កសិកម្មបានសន្យាប្រើប្រាស់បទពិសោធន៍ដែលទទួលបាន ដើម្បីពង្រឹងការដាំដុះនៅក្នុងសហគមន៍របស់ខ្លួន។