នៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ.ស. ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្មសមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គ

បណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយ និងកសាងសមត្ថភាពដល់សិក្ខាកាមចូលរួមដែលជាតំណាងសហគមន៍កសិកម្ម ក៏ដូចជាម្ចាស់សហគ្រាសកសិធុរកិច្ចដែលមកពីខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីបានទទួលព័ត៌មានលម្អិតអំពីគោលបំណង និងសារៈប្រយោជន៍នៃទម្រង់សំណើអាជីវកម្ម ដើម្បីស្នើសុំឥណទាន។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមដោយតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមកពីមន្ទីរកសិកម្ម និងក្រុមកម្ចីសក្ដានុពលមកពីខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ, តំណាងមកពីធនាគារស្ថាបនា (SPNB) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។