ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំសែនពិដោរនៃអគារផ្ការំដួល អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)បានរៀបចំកិច្ចប្រជុំ ពិនិត្យការអនុវត្តផែនការសកម្មភាពយេនឌ័រ (Gender Action Plan-GAP) និងផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច (Indigenous People Development Plan- IPDP) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង លោក លោកស្រី កញ្ញា ប្រធានផ្នែកនៃអង្គភាពគ្រប់គ្រងគម្រោង លោក លោកស្រីតំណាងអង្គភាពអនុវត្តគម្រោងលទ្ធផលទី២ (MAFF-Output2) លោក លោកស្រី ទីប្រឹក្សា និងក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC) និងចូលរួមតាមរយៈអនឡាញ (Zoom meeting)
លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោង និងលោក លោកស្រីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល(GDICDM)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ សម្រាប់គាំទ្រដល់ផ្នែកគាំពារសុវត្ថិភាពបរិស្ថាន និងសង្គម និងយេនឌ័រ ដោយផ្តោតសំខាន់លើការងារ Gender Action Plan និង Indigenous People Development Plan។ ជាលទ្ធផល អង្គប្រជុំ បានឯកភាពអោយបញ្ចូលសកម្មភាពផ្នែកគាំពារសុវត្ថិភាពបរិស្ថាន និងសង្គម និងយេនឌ័រ ចូលរួមជាមួយនឹងសកម្មភាពបណ្តុះបណ្តាលឬក៏សិក្ខាសាលាផ្សព្វផ្សាយរបស់ផ្នែកផ្សេងៗទៀតដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកនេះដល់សមាជិកសហគមន៍កសិកម្មឬអ្នកទទួលផលពីគម្រោង។