នាព្រឹកថ្ងៃអង្ការ ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “វេទិកាការផ្គូផ្គងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ច សហគមន៍កសិកម្ម និងការដាក់តាំងបង្ហាញផលិតផលកសិកម្ម ក្រោមឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង, ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, Mr. Anthony Robert Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាប្រធានគ្រប់គ្រងគម្រោង ACSEP ប្រចាំប្រទេសកម្ពុជា, នៅសណ្ឋាគារ សុខាភ្នំពេញ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួម គាំទ្រ និងលើកស្ទួយផលិតផលខ្មែរតាមរយៈផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងផ្តល់ព័ត៌មានផ្សេងៗ នៃប្រតិបត្តិការឥណទានគម្រោង ACSEP រវាងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាប្រតិបត្តិករឥណទាន ជាមួយកសិធុរកិច្ច, សហគមន៍កសិកម្ម, និងអាជីវករចិញ្ចឹមមាន់ដែលមានសក្តានុពល ដើម្បីជំរុញនូវការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីឥណទានដែលមានលក្ខណៈអនុគ្រោះពីគម្រោង។ ជាមួយគ្នា កម្មវិធីនេះក៏មានការរៀបចំដាក់តាំងបង្ហាញកសិផលរបស់កសិធុរកិច្ច សហគមន៍កសិកម្ម ដែលទទួលបានកម្ចីពីគម្រោង ACSEP លើផលិតផលកសិកម្មគោលដៅចំនួន ៥ រួមមាន៖ ស្វាយចន្ទី មាន់ស្រែ ដំឡូងមី បន្លែ និងស្វាយ។ បច្ចុប្បន្ន អង្គភាពអនុវត្តគម្រោង (ACSEP-PIU1) បានផ្ដល់ឥណទានដែលសរុបជាទឹកប្រាក់មានចំនួន ១៣.៧ លានដុល្លារអាមេរិក ដល់អតិថិជនចំនួន ៦៦០ រូប។
កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការជាតិ និងគ្រប់គ្រងបំណុល (GDICDM), តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅចាស់ទាំង ៦ និងខេត្តគោលដៅថ្មី, តំណាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC), និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។