នៅព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើក កម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្រប ខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ប៊ុន្នី ខេត្តក្រចេះ ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រង គម្រោង ACSEP-PIU1។
គោលបំណងនៃការរៀបវគ្គបណ្តុះបណ្តាលនេះដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមចូលរួមដែលជាតំណាងសហគមន៍កសិកម្ម កសិករផលិត ក៏ដូចជាម្ចាស់សហគ្រាសកសិធុរកិច្ចដែលមកពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងការរៀបចំសំណើសុំអាជីវកម្ម ដើម្បីស្នើសុំកម្ចី ពីគម្រោង ACSEP កាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គនេះមានការចូលរួមដោយតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរ កសិកម្មខេត្ត, តំណាងមកពីធនាគារស្ថាបនា (SPNB) និងធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម(ARDB)។