នៅថ្ងៃអង្គារ ១៥កើត ដល់ថ្ងៃព្រហស្បត្តិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តត្បូងឃ្មុំ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "កិច្ចសន្យាផលិតកម្មកសិកម្ម" ក្រោមអធិបតីភាពបណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិ-ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត ព្រមទាំងគ្រូឧទ្ទេស និងទីប្រឹក្សាបច្ចេកទេសផ្នែកអភិវឌ្ឍន៍កសិកម្ម និងផលិតកម្មកសិកម្មតាមកិច្ចសន្យា សរុបចំនួន ៣០រូប (ស្រ្តី ១០រូប)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១. ពង្រឹងការយល់ដឹងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំដែលបង្ហាញអំពីសិទ្ធិ និងកាតព្វកិច្ចរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ការកំណត់បរិមាណ គុណភាព និងតម្លៃនៃផលិតផលកសិកម្ម ក្រោមយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដល់មន្រ្តីក្នុងគម្រោង ACSEP និងមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត។
២. បង្កើនចំណេះដឹងក្នុងការសម្របសម្រួលដំណើរនៃការចរចា ការរៀបចំកិច្ចសន្យា និងការចុះកិច្ចសន្យាព្រមទាំងនីតិវិធីនៃការស្នើសុំចុះបញ្ជីការ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា រវាងសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។
៣. ផ្ដល់គោលការណ៍ណែនាំដែលទាក់ទងនឹងយន្តការដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងពេលអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្នុងដំណេីរការនៃវគ្គបណ្តុះបណ្តាល គ្រូឧទ្ទេស និងទីប្រឹក្សា AVCC បានធ្វើការវាយតម្លៃចំណេះដឹងសិក្ខាកាម តាមរយ:ការធ្វេីតេស្តសំណួរសាកល្បងមុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ ហេីយបានរៀបចំការពិភាក្សតាមក្រុមចំពោះការរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មលេីមុខដំណាំបន្លែ ស្វាយចន្ទី និងមាន់ស្រែ រួមទាំងនីតិវិធីក្នុងការដោះស្រាយវិវាទក្នុងកំឡុងពេលអនុវត្តកិច្ចសន្យា ដោយមានការចូលរួមផ្តល់មតិយោបល់លើការពិភាក្សាពីគ្រូបង្គោល ទីប្រឹក្សា AVCC និងក្រុមការងារ DAI ។