នៅថ្ងៃអង្គារ ១៤រោច​ ដល់ថ្ងៃព្រហស្បត្តិ៍ ២កើត ខែកក្តិត ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តឧត្តរមានជ័យ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "កិច្ចសន្យា​ផលិតកម្ម​កសិកម្ម" ក្រោមអធិបតីភាពបណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិ-ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP​ មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត​ ព្រមទាំងគ្រូឧទ្ទេស​ សរុបចំនួន ៣០រូប (ស្រ្តី ៩រូប)។ 

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖

១.​ ពង្រឹងការយល់ដឹងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា​ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំដែលបង្ហាញអំពីសិទ្ធិ​ និងកាតព្វកិច្ចរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ​ ការកំណត់បរិមាណ​ គុណភាព​ និងតម្លៃនៃផលិតផលកសិកម្ម​ ក្រោមយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដល់មន្រ្តីក្នុងគម្រោង ACSEP និងមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត។

២.​ បង្កើនចំណេះដឹងក្នុងការសម្របសម្រួលដំណើរនៃការចរចា ការរៀបចំកិច្ចសន្យា  និងការចុះកិច្ចសន្យាព្រមទាំងនីតិវិធីនៃការស្នើសុំចុះបញ្ជីការ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា​ រវាងសហគ្រាសកសិកម្ម  និងសហគមន៍កសិកម្ម។

៣. ផ្ដល់គោលការណ៍ណែនាំដែលទាក់ទងនឹងយន្តការដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងពេលអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ក្នុងដំណេីរការនៃវគ្គបណ្តុះបណ្តាល​ គ្រូឧទ្ទេស​ និងក្រុមការងារ​ DAI បានធ្វើការវាយតម្លៃចំណេះដឹងសិក្ខាកាម​ តាមរយៈការធ្វេីតេស្តសំណួរសាកល្បងមុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ​ ហេីយបានរៀបចំការពិភាក្សាតាមក្រុម​ចំពោះការរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មលេីមុខដំណាំបន្លែ​ ស្វាយ​កែវរមៀត​ និងដំឡូងមី​ រួមទាំង​នីតិវិធីក្នុងការដោះស្រាយវិវាទក្នុងកំឡុងពេលអនុវត្តកិច្ចសន្យា​ ដោយមានការចូលរួមផ្តល់មតិយោបល់លើការពិភាក្សាពីគ្រូបង្គោល​ និងក្រុមការងារ​ DAI ។