នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វរបស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពីការអនុវត្តន៍ការចិញ្ចឹមសត្វល្អ(GAHP) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ប្រធានផ្នែកសុខភាពសត្វនិងផលិតម្មសត្វ និងក្រុមការងារ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និង កសិករចិញ្ចឹមមាន់ស្រុក សរុបចំនួន ៣៣ នាក់ក្នុងនោះមានស្រ្តី  ១៦នាក់រួមមាន៖

•  ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ចំនួន ០៣ នាក់

•  ថ្នាក់ដឹកនាំ និងក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ចំនួន ០៥នាក់

•  ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ០៣នាក់ 

•  កសិករចិញ្ចឹមមាន់ស្រុក ចំនួន ២២នាក់ (១៦នាក់ជាស្រ្តី)

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចិញ្ចឹមមាន់ស្រុកដើម្បី បង្កើនផលិតកម្មនៃការចិញ្ចឹមមាន់ប្រកបដោយសុវត្ថិភាព មានសុខភាពល្អ និងមាននិរន្តរភាព ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារ សុខុមាលភាពសត្វ ការការពារបរិស្ថាន និងបង្កើនប្រាក់ចំណូលរបស់កសិករ ការអនុវត្តគោលការណ៍សំខាន់ៗ នៃការអនុវត្តការចិញ្ចឹមសត្វល្អ រួមមាន ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងកាកសំណល់ ការថែទាំបរិស្ថាន សុវត្ថិភាពចំណីអាហារ ការជ្រើសរើសពូជ និងធាតុចូលមានគុណភាព ការបង្កាត់ពូជ និងការគ្រប់គ្រងការបន្តពូជ ការរក្សាខ្យល់ចេញចូលល្អ ការគ្រប់គ្រងចំណី និងកសិដ្ឋាន ការអនុវត្តវិធានការជីវសុវត្ថិភាព និងអនាម័យ និងកម្មវិធីចាក់វ៉ាក់សាំង ដោយផ្តោតសំខាន់លើសុខុមាលភាពសត្វ។