កាលពីថ្ងៃចន្ទ ១២កើត ដល់ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគ ទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម” សម្រាប់មន្ត្រីនៃស្ថាប័នហិរញ្ញវត្ថុដៃគូ និងមន្ត្រីអនុវត្តគម្រោង ACSEP” ក្រោមការដឹកនាំដោយ លោក លឹម ឡែត អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃ ន.ប.ធ. និងជាអនុប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 នៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្នុងគោលបំណង ផ្តល់ចំណេះដឹងដល់មន្រ្តីនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ លើនីតិវិធីប្រតិបត្តិហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម, ផ្តល់ចំណេះដឹងដល់មន្រ្តីនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ លើការបំពេញទម្រង់ព័ត៌មានគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គម, ដើម្បីជួយដល់មន្រ្តីឥណទានក្នុងការពិនិត្យ និងការរៀបចំឯកសាឥណទានជូនដល់ អតិថិជនគោលដៅរបស់គម្រោង។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមដោយមន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ, ក្រុមការងារ និងមន្រ្តីបង្គោលនៃគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូខេត្តទាំង ៦ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារស្ថាបនា, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារហ្វីលីព ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី។