កាលពីថ្ងៃចន្ទ-ពុធ ១រោច-៣រោច និង ៨រោច-១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨-១០ និងថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃ ACSEP បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំសំណើសម្រាប់ការចរចាបើកទីផ្សារនាំចេញផលិតផលកសិកម្ម” ដល់សមាជិកសហគមន៍តាម បណ្តាខេត្តគោលដៅចំនួន៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៣១២រូប (ស្រ្តី ១២៦រូប) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៦ ដែលរួមមានៈ
១. ខេត្តសៀមរាបមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២១រូប)
២. ខេត្តកំពង់ចាមមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២១រូប)
៣. ខេត្តត្បូងឃ្មុំមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត១១រូប)
៤. ខេត្តព្រះវិហារមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៥រូប)
៥. ខេត្តឧត្តរមានជ័យមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៥រូប)
៦. ខេត្តកំពង់ធំមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៣រូប)
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងគឺដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងចំណេះដឹងរបស់សមាជិកសហគមន៍កសិកម្មសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផលកសិកម្មនិងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។