នាព្រឹកថ្ងៃចន្ទ ១០ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាពទី១ (PIU1), លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 បានដឹកនាំក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី “ការកត់ត្រាចំណូល-ចំណាយ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម" នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្ម កសិករផលិត ក៍ដូចជាម្ចាស់សហគ្រាសកសិធុរកិច្ច ក្នុងការទទួលបានព័ត៌មានបន្ថែមអំពីសារៈប្រយោជន៍នៃការកត់ត្រា ការរៀបចំរបាយការណ៍ និងអនុវត្តផ្ទាល់លើការបំពេញទម្រង់ទាំងនោះក្នុងការគ្រប់គ្រង និងចាត់ចែងសាច់ប្រាក់កាន់តែប្រសើឡើង។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីអតិថិជនដែលទទួលបានកម្ចីពីគម្រោងដែលជាសហគមន៍កសិកម្ម កសិករផលិត និងកសិធុរកិច្ច, ទីប្រឹក្សាគម្រោងACSEP-PIU1, ទីប្រឹក្សាគម្រោងACSEP-PIU2 (AVCC/PC) និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅរបស់គម្រោងទាំង៦។
ជាលទ្ធផលផ្អែកតាមការអង្កេតផ្ទាល់ និងលទ្ធផលវាយតម្លៃកម្រិតយល់ដឹង ឃើញថាសិក្ខាកាមភាគច្រើនមានការចាប់អារម្មណ៍ និងទទួលបានចំណេះដឹងច្រើនលើការកត់ត្រា ពួកគាត់នឹងប្រើប្រាស់ចំណេះជំនាញទាំងនេះក្នុងការសាកល្បងកត់ត្រាគ្រប់គ្រងអាជីវកម្មរបស់គាត់។