នៅថ្ងៃពុធ ៤កើត ដល់ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា គ.ស. ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផល ឥណទានគម្រោង ACSEP” ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ. និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគម្រោង ACSEP ជាពិសេសផលិតផល ឥណទានរបស់គម្រោង បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដល់សមាជិក-សមាជិកានៃសហគមន៍កសិកម្មសាមគ្គីអមលាំង សហគមន៍កសិកម្មគាំទ្រស្ត្រីត្រពាំងជោ សហគមន៍កសិកម្មឃុំរុងរឿង សហគមន៍កសិកម្មជាំសង្កែរុងរឿង និងសហគមន៍កសិកម្មចំរើនសាមគ្គីមានជ័យ ដែលស្ថិតនៅ ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយ សមាជិក/សមាជិកាសហគមន៍កសិកម្ម, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ, និងក្រុមការងារគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ (ធនាគារARDB និងធនាគារស្ថាបនា)។