កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដល់រដ្ឋបាលខេត្តគោលដៅថ្មីចំនួន២ រួមមានខេត្តស្វាយរៀង  និងខេត្តព្រៃវែង។  សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច  តំណាង ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានអង្គភាពអនុវត្តគម្រោង ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង និងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តទាំង២។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដល់សមាជិក-សមាជិកានៃសហគមន៍កសិកម្ម ដែលស្ថិតនៅខេត្តស្វាយរៀង ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយតំណាងសមាជិក/សមាជិកាសហគមន៍កសិកម្ម, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រុមការងារគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។