កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ"  នៅផ្ទះសំណាក់ហែម ភិរិទ្ធិ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦០នាក់ (ស្រី្តចំនួន ១៤នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) អង្គភាពអនុវត្តគម្រោង ទីប្រឹក្សាផ្នែកគាំពារសង្គមនិងបរិស្ថាន (PIC) អង្គភាពអនុវត្តគម្រោងថ្នាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តព្រះវិហារ (AVCC-PC) និងអាជ្ញាធរមូលដ្ឋានរដ្ឋបាលសង្កាត់-ឃុំពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះវិហារ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការទទួលបណ្ដឹងសារទុក្ខថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ ក្នុងការចូលរួមដោះស្រាយនូវវិវាទនានា ដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង ACSEP ដែលមានទីតាំងក្របដណ្តប់លើសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកស្ថិតក្នុងតំបន់គម្រោង និងជាភាពចាំបាច់សម្រាប់ការធានានូវអត្ថប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ត្រូវបានចែករំលែកប្រកបដោយសមធម៌ ហើយអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគម្រោងទាំងនេះ ត្រូវបានផ្តល់សំណងនិងការគាំទ្រដោយពេញលេញ ព្រមទាំងធានានូវការអនុវត្តសកម្មភាពគម្រោងប្រកបដោយប្រសិទ្ធភាព នៃយន្តការដោះស្រាយបណ្តឹងសារទុក្ខ។